ការដាក់ជនត្រូវចោទក្រោមការត្រួតពិនិត្យពីតុលាការ
សម្រាប់ការសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ
តើមាននីតិវិធី អនុវត្តដូចម្តេច?
ចំណែកឯការដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការវិញ
គឺមានន័យប្រហាក់ប្រហែល នឹងការឃុំខ្លួនជាបណ្តោះអាសន្នដែរ គឺខុសគ្នាត្រង់ថា
នៅក្នុងចំណុច នៃការឃុំខ្លួនជាបណ្តោះអាសន្ន គឺជនត្រូវចោទ
ត្រូវគេឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្តោះអាសន្ន។ ចំណែកឯ
ការដាក់ឲ្យស្ថិតនៅក្រៅឃុំវិញ គឺជនត្រូវចោទ មិនត្រូវបានគេឃុំខ្លួននោះ
ក៏ប៉ុន្តែជាប់ចោទពីតុលាការដូចគ្នា។
ក្នុងករណីដែលវាមានបណ្តឹងអាជ្ញា
ហើយតុលាការបានធ្វើការចោទប្រកាន់ហើយនោះ ប៉ុន្តែ ជនល្មើសបានរត់គេចខ្លួននោះ
ការតាមចាប់ខ្លួន និងអាជ្ញាយុកាលនៃការចាប់ខ្លួននោះ គឺមិនកំណត់អាជ្ញាយុកាលទេ។
ប៉ុន្តែអាជ្ញាយុកាលនៃបទល្មើស មានចែងក្នុងមាត្រា ១០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
គឺយោងទៅតាមប្រភេទនៃបទល្មើសនីមួយៗ ឧទាហរណ៍ថា ដូចជាបទល្មើសមជ្ឈឹម
គឺមានអាជ្ញាយុកាលកំណត់ពេល ៥ ឆ្នាំ បទឧក្រិដ្ឋមានអាជ្ញាយុកាល ១៥ ឆ្នាំ និងបទលហុ
មានអាជ្ញាយុកាល ១ ឆ្នាំ ចំណែកបទល្មើសប្រល័យពូជសាសន៍ ប្រឆាំងមនុស្សជាតិ
ឧក្រិដ្ឋកម្មសង្គ្រាម គឺពុំផុតអាជ្ញាយុកាលឡើយ ដូចមានចែងក្នុងមាត្រា ៩
នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
យោងតាមមាត្រា ២២៣
នៃនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា
ដែលចែងពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាម ផ្លូវតុលាការបានសរសេរថា៖ ចៅក្រមស៊ើបសួរ
អាចដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា
ប្រសិនបើជនត្រូវចោទនោះត្រូវបានចោទប្រកាន់អំពីបទល្មើស
ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។ ការត្រួតពិនិត្យតាមផ្លូវតុលាការ
មានអានុភាពបង្គាប់ជនត្រូវចោទដែលនៅក្រៅឃុំឲ្យគោរពកាតព្វកិច្ចមួយ ឬច្រើនដូចតទៅ៖
១-មិនត្រូវចេញក្រៅព្រំដែនកំណត់
ដោយចៅក្រម។
២-មិនត្រូវផ្លាស់ប្តូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រម។
៣-មិនត្រូវទៅកាន់ទីកន្លែងខ្លះ
ដែលកំណត់ដោយចៅក្រម ស៊ើបសួរ។
៤-ត្រូវចូលបង្ហាញខ្លួនតាមការកំណត់នៅអង្គភាពនគរបាល
ឬកងរាជអាវុធហត្ថដែលចាត់តាំងដោយចៅក្រម។
៥-ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
៦-ប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជីគ្រប់ឯកសារអំពីអត្តសញ្ញាណ។
៧-មិនត្រូវបើកបររថយន្ត។
៨-មិនត្រូវទទួល
ឬជួបបុគ្គលមួយចំនួនដែលចង្អុលបង្ហាញដោយចៅក្រមស៊ើបសួរ។
៩-ដាក់ប្រាក់ធានាដែលចំនួនប្រាក់ធានា
និងថិរវេលាបង់ប្រាក់នោះត្រូវបានកំណត់ដោយចៅក្រមស៊ើបសួរ
ដោយផ្អែកទៅលើធនធានរបស់ជនត្រូវចោទ។
១០-មិនត្រូវកាន់កាប់
ឬយកតាមខ្លួន នូវអាវុធ។ ត្រូវប្រគល់ជូនការិយាល័យក្រឡាបញ្ជី
នូវអាវុធត្រូវជនជាប់ចោទកាន់កាប់។
១១-ត្រូវប្រគល់ខ្លួនឲ្យពេទ្យពិនិត្យព្យាបាល
និងជាយថាហេតុឲ្យដាក់នៅក្រោមរបបព្យាបាលរោគក្នុងមន្ទីរពេទ្យ។
១២-មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈខ្លះ។
មាត្រា ២២៤៖ អនីតិជនអាយុក្រោម
១៤ ឆ្នាំ មិនត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានទេ៕
No comments:
Post a Comment