Thursday, January 16, 2020

បទរំលោភលើទំនុកចិត្ត​ និងធាតុផ្សំ



បទរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើ ប្រាស់ជាកំណត់។
ធាតុផ្សំនៃបទរំលោភលើទំនុកចិត្ត៖

vធាតុនីត្យានុកូលនៃបទរំលោភលើទំនុកចិត្ត
តាមធាតុនីត្យានុកូល បទរំលោភលើទំនុកចិត្ត ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែលមានអត្ថបទចែង និងផ្តន្ទាទោសតាមមាត្រា ៣៩១ ដល់ មាត្រា ៣៩៦ នៃក្រមព្រហ្មទណ្ឌ ។

អនុលោមតាមមាត្រា ៣៩១ នៃក្រមព្រហ្មទណ្ឌ ជាវិធានកំណត់បទល្មើស​ ថាតើអ្វីទៅហៅថា បទរំលោភលើទំនុកចិត្ត និងកំណត់នូវអ្វីដែលហៅថា ធាតុផ្សំនៃបទរំលោភលើទំនុកចិត្ត ។​

vធាតុសត្យានុម័តនៃបទរំលោភលើទំនុកចិត្ត
  តាមធាតុសត្យានុម័ត បទរំលោភលើទំនុកចិត្ត ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈដែលមានចែងក្នុងមាត្រា ៣៩១ នៃក្រមព្រហ្មទណ្ឌ ។

    ដោយអនុលោមតាមមាត្រា ៣៩១ នៃក្រមព្រហ្មទណ្ឌ បទរំលោភលើទំនុកចិត្ត ជាទម្រង់មួយនៃអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឲ្យខូចប្រយោជន៏អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ដែលគេបានប្រគល់ឲ្យបុគ្គលនេះ ហើយបុគ្គលនោះបានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់ ។ ដូច្នេះនៅក្នុងធាតុសត្យានុម័តនេះមាននូវធាតុនៃអំពើមួយចំនួនរួមមាន៖ ការគៃបំបាត់ ឬការគៃបន្លំ, ភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យ ឬវត្ថុដែលចារីបានគៃបំបាត់ ឬបានគៃបន្លំ, ការប្រគល់ទ្រព្យសម្បត្តិ ឬវត្ថុជាបណ្តោះអាសន្ន,​ ទ្រព្យសម្បត្តិ ឬវត្ថុដែលចារីបានគៃបំបាត់ ឬគៃបន្លំជាទ្រព្យចលនវត្ថុ និងអំពើប៉ុនប៉ងរំលោភលើទំនុកចិត្ត ។

vធាតុអត្តនោម័តនៃបទរំលោភលើទំនុកចិត្ត
តាមធាតុអត្តនោម័ត​ បទរំលោភលើទំនុកចិត្ត ជាប្រភេទមួយនៃបទល្មើសមជ្ឈិមដែលការប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា ឬដោយចេតនាគិតទុកជាមុន ។

បទឆបោក និងធាតុផ្សំ



បទឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនោះ ដែលនាំឱ្យខូចប្រយោជន៍បុគ្គលនោះ ឬតតិយជននូវ៖
១. ការប្រគល់មូនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ
២. ការផ្គត់ផ្គង់សេវា
៣. ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចផុតពីកាតព្វកិច្ច។
ធាតុផ្សំនៃបទឆបោក៖

vធាតុនីត្យានុកូលនៃបទឆបោក
តាមធាតុនីត្យានុកូល បទឆបោក​ ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែលមានអត្ថបទច្បាប់ចែង និងផ្តន្ទាទោសតាមមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ ជាវិធានកំណត់បទល្មើស ថាតើអ្វីទៅហៅថា អំពើឆបោក ? និងកំណត់នូវអ្វីដែលហៅថា ធាតុផ្សំនៃបទឆបោក ។

vធាតុសត្យានុម័តនៃបទឆបោក
តាមធាតុសត្យានុម័ត បទឆបោក​ ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែលការប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈដែលមានចែងក្នុងមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ ។

ដោយអនុលោមតាមមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ បទឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដោយប្រើឈ្មោះក្លែង ដោយអះអាងទីលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្កលនេះដែលនៃឲ្យខូចប្រយោជន៏របស់បុគ្គលនេះ ឬរបស់តតិយជននូវការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ឬការផ្គត់ផ្គង់សេវា ឬការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច ។ ដូច្នេះនៅក្នុងធាតុសត្យានុម័តនេះដោយមាននូវធាតុអំពើមួយចំនួនរួមមាន៖​ អំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលដោយប្រប្រើឈ្មោះក្លែង​, អំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលដោយក្លែងឋានៈ , អំពើក្លែងបន្លំដោយឧបាយកលទុច្ចរិត, ការប្រមូលមូនិធិ ទ្រព្យសម្បត្តិ វត្ថុ ឬការផ្គត់ផ្គង់សេវាអ្វីមួយ, ភាពជាម្ចាស់ទ្រព្យ ឬវត្ថុដែលចារីបានក្លែងបន្លំ, ទ្រព្យសម្បត្តិ ឬវត្ថុដែលចារីបានក្លែងបន្លំ ជាទ្រព្យចលនវត្ថុ និងអំពើប៉ុនប៉ងឆបោកជាដើម ។

vធាតុអត្តនោម័តនៃបទឆបោក
តាមធាតុអត្តនោម័ត បទឆបោក​ ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែល​ការប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា ឬដោយចេតនាគិតទុកជាមុន​​ ។

បទលួច និងធាតុផ្សំ



បទលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់ មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

ធាតុផ្សំនៃបទលួច៖

vធាតុនីត្យានុកូលនៃបទលួច
តាមធាតុនីត្យានុកូល បទលួច ជាប្រភេទមួយនៃអំពើល្មើសព្រហ្មទណ្ឌដែលមានអត្ថបទច្បាប់ចែង តាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ។

ដោយអនុលោមតាមមាត្រា ៣៥៣ និង មាត្រា​​ ៣៥៤ នៃក្រមព្រហ្មទណ្ឌ ជាវិធានកំណត់បទល្មើស ថាតើអ្វីទៅហៅថា អំពើលួច ? និងទម្រង់នៃអំពើលួចឋាមពល ដែលតម្រូវឲ្យចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ពិសេសដោយឡែក ។ មាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌ កំណត់វិធានលួចក្នុងគ្រួសារដែលជាបទបញ្ញាត្តិពិសេសផ្តល់អភ័យឯកសិទ្ធិចំពោះការលួចក្នុងសាច់ញាតិ ឬសហព័ន្ធ មិនឲ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌ ។

vធាតុសត្យានុម័តនៃបទលួច
តាមធាតុសត្យានុម័ត បទលួច ជាទម្រង់មួយនៃអំពើល្មើសព្រហ្មទណ្ឌដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈ ដែលមានក្នុងមាត្រា ៣៥៣ ដល់ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ដូច្នេះនៅក្នុងធាតុសត្យានុម័តនៃបទលួចមាននូវអំពើល្មើសមួយចំនួនរួមមាន៖ អំពើលួចដោយការលាក់បំបាំង, អំពើលួចដោយប្រើហិង្សា, អំពើលួចដោយការកាប់គាស់ទម្លុះទម្លាយ,ទ្រព្យសម្បត្តិ ឬវត្ថុដែលលួចនោះជាទ្រព្យកម្មសិទ្ធិរបស់អ្នកដទៃ, ទ្រព្យសម្បត្តិ ឬវត្ថុដែលលួចនោះ ជារូបទ្រព្យ ឬអរូបទ្រព្យ ,​ អំពើប៉ុនប៉ងលួច, អំពើលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ​ និងអំពើលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃទៅប្រើមួយរយៈ ។

vធាតុអត្តនោម័តនៃបទលួច
តាមធាតុអត្តនោម័ត បទលួច ជាប្រភេទមួយនៃអំពើល្មើសព្រហ្មទណ្ឌដែលការប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា​ ឬដោយចេតនាគិតទុកជាមុន ។

បទរំលោភសេពសន្ថវៈ និងធាតុផ្សំ


បទរំលោភសេពសន្ថវៈ សំដៅគ្រប់អំពើបញ្ចូលអង្គជាតិ តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ ណាមួយទៅក្នុងអង្គជាតិ ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ។ 
បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ។
នីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ។ 
(មាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ)

ធាតុផ្សំនៃបទរំលោភសេពសន្ថវៈ
vធាតុនីត្យានុកូលនៃបទរំលោភសេពសន្ថវៈ
តាមធាតុនីនុកូល បទរំលោភសេពសន្ថវៈ ជាប្រភេទមួយនៃបទល្មើសឧក្រិដ្ឋដែលមានអត្ថបទច្បាប់ចែង និងផ្តន្ទាទោសតាមមាត្រា ២៣៩ ដល់ មាត្រា ២៤៥​ នៃក្រមព្រហ្មទណ្ឌ ។

vធាតុសត្យានុម័ត នៃបទរំលោភសេពសន្ថវៈ
តាមធាតុសត្យានុម័ត បទរំលោភសេពសន្ថវៈ ជាទម្រង់មួយនៃអំពើឧក្រិដ្ឋដែលការប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈដែលមានចែងក្នុងមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ ។

ដោយអនុលោមតាមស្មារតីនៃមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ បទរំលោភសេពសន្ថវៈត្រូវបានគេចាត់ទុកជាទម្រង់មួយនៃអំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នាក៏ដោយ ដោយមានការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឳកាស ។

vធាតុអត្តនោម័តនៃបទរំលោភសេពសន្ថវៈ
តាមធាតុអត្តនោម័ត បទរំលោភសេពសន្ថវៈ ជាប្រភេទមួយនៃអំពើឧក្រិដ្ឋដែលការប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា ឬដោយចេតនាគិតទុកមុន ។​ 

Thursday, October 31, 2019

តើអ្វីទៅដែលហៅថា សេវាសាធារណៈ ? តើសេវាសាធារណៈមានសារៈសំខាន់អ្វីខ្លះ?


  សេវាធារណៈ គឺជាសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ទូទៅដល់សង្គម ប្រជាពលរដ្ឋ ដោយមិនយកកម្រៃ ហើយគ្រប់គ្រងដោយរដ្ឋ​ ។ សេវាធារណៈមាន បី ប្រភេទគឺ ៖ ១, បម្រើផលប្រយោជន៍ ២, បម្រើជាសាធារណៈ ៣, ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ។ សេវាសាធារណៈមានសារសំខាន់បីយ៉ាង គឺ ៖ ១, សម្រាប់នយោបាយ ២, សេដ្ឋកិច្ច ៣, សង្គម ។

v គោលការណ៍សេវាសាធារណៈ មាន ៣ សំខាន់ៗ​ គឺ ៖
-      1 គោលការណ៍និរន្តរិ៍ភាព ៖ គឺជាគោលការណ៍ដែលតម្រូវឲ្យមានជាប្រចាំ ដោយមិនឲ្យមានការរអាក់រអ៊ួលនៅក្នុងការបំពេញកិច្ច​ការ យ៉ាងហោចត្រូវមាន១/៣នៅក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃធ្វើកូដកម្ម ។
-     2. គោលការណ៍តម្លាភាព ៖ ដែលតម្រូវឲ្យមានការធានានូវភាពស្មើគ្នា ទាំងគុណភាពតម្លៃ និងមិនត្រូវមានការរើសអើងចំពោះអ្នកប្រើប្រាស់សេវាសាធារណៈនោះឡើយ ។
-      3. គោលការណ៍បត់បែនបាននៃសេវាសាធារណៈ ដែលតម្រូវឲ្យរាស្ត្រគោរពការសម្រេចរបស់សេវាសាធារណៈក្នុងការកែប្រែ ឬលុបចោលផ្នែកណាមួយនៃសេវាសាធារណៈដែលលែងចាំបាច់សម្រាប់ប្រយោជន៍ទូទៅ ។

v សេវាសាធារណៈមាន៖
-     1.  សេវាសាធារណៈពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ
-    2. សេវាសាធារណៈពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ និងសន្តិសុខសង្គម
-     3.សេវាសាធារណៈពាក់ព័ន្ធនឹងយុត្តិធម៌អាជ្ញាកណ្តាល
-      4. សេវាសាធារណៈពាក់ព័ន្ធនឹងពាណិជ្ជកម្ម បរិស្ថាន និងកសិកម្ម វិនិយោគទុន
-      5. សេវាសាធារណៈពាក់ព័ន្ធនឹងសង្គមកិច្ចវប្បធម៌ និងកិច្ចនារី
-      6. សេវាសាធារណៈពាក់ព័ន្ធនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
-  7. សេវាសាធារណៈពាក់ព័ន្ធនឹងការប្រមូលថវិកាជាតិ និងសេវាពាក់ព័ន្ធទៅនឹងបន្ទុករបស់រដ្ឋដែលត្រូវដោះស្រាយ។