Sunday, July 7, 2019

ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងលំហ និងនីតិវិធីអនុវត្ត













ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងលំហ និងនីតិវិធីអនុវត្ត៖
ក/ ដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌក្នុងដែនដី៖
   ជាសិទ្ធិអធិបតេយ្យមួយទាក់ទងនៅក្នុងរឿងព្រហ្មទណ្ឌ ។ គេចែកដែនដីនៃការប្រព្រឹត្តបទល្មើសជាពីរ៖ បទល្មើសដែលប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងបទល្មើសដែលប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
v  គោលការណ៍ដែនដីនៃការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជា
បទល្មើសដែលបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា៖ ជាគោលការណ៍គ្រឹះមួយនៅក្នុងនីតិព្រហ្មទណ្ឌ ។​
-        ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើគ្រប់បទល្មើស និងបុគ្គលជាជនល្មើសទាំងអស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែមាន សន្ធិសញ្ញាអន្តរជាតិបញ្ញាត្តិខុសពីនេះ ។ ( មាត្រា ៧ និង មាត្រា ១២ )
-        ដែនដី នេះ សំដៅដល់ដែនដីដែលស្ថិតនៅក្រោមអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងលំហអាកាស និងសមុទ្រ ( មាត្រា ១២ ) ។ ហើយដែនដីក៏សំដៅដល់ស្ថានទូត ឬស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស ប៉ុន្តែមិនមែនជាសមត្ថកិច្ចនៃច្បាប់ព្រហ្មទណ្ឌកម្ពុជាទៀតឡើយបើបទល្មើសនោះបានប្រព្រឹត្តលើស្ថានទូត ឬស្ថានកុងស៊ុលបរទេស ។
សមភាពចំពោះមុខច្បាប់នៅក្នុងគោលការណ៍ដែនដីនៃច្បាប់ព្រហ្មទណ្ឌ គឺចង់សំដៅលើ៖
-            ការអនុវត្តបទល្មើសដែលប្រព្រឹត្តលើដែនដីកម្ពុជាៈ សំដៅដល់គ្រប់ធាតុផ្សំនៃបទល្មើសទាំងអស់ដែលបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនល្មើសក៏ប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជាដែរ ។
-            ការអនុវត្តគ្រប់បទល្មើសទាំងអស់ និងគ្រប់បុគ្គលទាំងអស់
បទល្មើសដែលចាត់ទុកថាបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា
-      អំពើណាមួយនៃបទល្មើសបានប្រព្រឹត្តនៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ( មាត្រា ១៣ )៖ ឧទាហរណ៍៖ បទល្មើសឆបោកដែលជនល្មើសបានប្រើមធ្យោបាយឆបោកនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែការប្រគល់ប្រាក់ ឬទ្រព្យសម្បត្តិតាមមធ្យោបាយឆបោក ធ្វើឡើងនៅក្រៅទឹកដីនៃរដ្ឋបរទេស ដូច្នេះយើងសង្កេតឃើញថាធាតុផ្សំនៃបទល្មើសបានកើតឡើង ។
-      បទល្មើសដែលបានប្រព្រឹត្តក្នុងនាវាកម្ពុជា ( មាត្រា ១៤ ) សំដៅដល់នាវាដែលចុះបញ្ជីនៃប្រទេសកម្ពុជា
-      បទល្មើសដែលបានប្រព្រឹត្តក្នុងអាកាសយានកម្ពុជា ( មាត្រា ១៦ ) អាកាសយានដែលចុះបញ្ជីនៅកម្ពូជា
-      បទល្មើសដែលបានប្រព្រឹត្តក្នុងនាវាបរទេស ( មាត្រា ១៥ ) ដែលអាជ្ញាធរកម្ពូជាបានទទួលការអនុញ្ញាតឲ្យពិនិត្យមើល ឬឲ្យចាប់ខ្លួន ។
-      បទល្មើសដែលាមានអ្នកផ្តើមគំនិត ឬអ្នកសមគំនិតនៅលើដែនដីកម្ពុជា ( មាត្រា ១៧ )
v  ចំពោះបទល្មើសដែលប្រព្រឹត្តនៅក្រៅដែនដីកម្ពុជា
សមត្ថកិច្ចនៃច្បាប់ព្រហ្មទណ្ឌកម្ពុជាដោយឈរលើគោលការណ៍សញ្ជាតិ
-      បទល្មើសដែលប្រព្រឹត្តនៅក្រៅដែនដីកម្ពុជាដោយពលរដ្ឋខ្មែរ ទោះបីទទួលបាន សញ្ជាតិខ្មែរក្រោយការប្រព្រឹត្តបទល្មើសក៏ដោយ ( ម.១៩ )៖ អនុវត្តចុះពោះគ្រប់ បទឧក្រិដ្ឋ និងចំពោះបទមជ្ឈិមក្នុងករណីដែលបទមជ្ឈិមនោះត្រូវបានផ្តន្ទាទោសផងដែរ ដោយច្បាប់នៃរដ្ឋបរទេសនោះ ។
-      បទឧក្រិដ្ឋដែលមានជនរងគ្រោះជាជនជាតិខ្មែរ (ម. ២០)
-      លក្ខខ័ណ្ឌនៃការធ្វើបណ្តឹងចោទប្រកាន់ (ម. ២១) ៖ ដំណើរការនៃនីតិវិធីធ្វើឡើងតាមបណ្តឹងអយ្យការដែលការចោទប្រកាន់ត្រូវតែមានបណ្តឹងពីជនរងគ្រោះ ឬពីសិទ្ធិវន្ត ឬបណ្តឹងបរិហារជាផ្លូវការរបស់អាជ្ញាធរនៃប្រទេសដែលជាកន្លែងនៃអំពើនោះដែលបានប្រព្រឹត្ត ។

សមត្ថកិច្ចនៃច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះបទល្មើសឧក្រិដ្ឋប្រឆាំងនឹងកម្ពុជា (ម.២២)៖
-      បទល្មើសប្រឆាំងនឹងសុវត្តិភាពនៃព្រះរាជាណាចក្រកម្ពុជា​។
-      បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា​។
-      បទល្មើសក្លែងរូបិយវត្ថុ និងធនប័ត្រជាតិដែលមានតម្លៃស្របច្បាប់នៅកម្ពុជា ។
-      បទល្មើសប្រឆាំងនឹងភ្នាក់ងារការទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា។
-      បទល្មើសប្រឆាំងនឹងទីតាំងទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា។

1 comment: